Home > ព័ត៌មានជាតិ រឿងរ៉ាវជីវិត សង្គម > វ៉ាន់ ​​នីឡា ​ច្រាន​​ចោល​​កិច្ច​ចរចា​ក្រៅប្រព័ន្ធ​តុលាការ

វ៉ាន់ ​​នីឡា ​ច្រាន​​ចោល​​កិច្ច​ចរចា​ក្រៅប្រព័ន្ធ​តុលាការ

ប្រភទ : ព័ត៌មានជាតិ, រឿងរ៉ាវជីវិត, សង្គម 1 year មុន , Friday, ទី​ 8th July ,ឆ្នាំ 2016 91 view

ខណៈបណ្ដឹងរបស់តារាចម្រៀងPhleng Record កញ្ញា វ៉ាន់ នីឡា ត្រូវគេមើលឃើញថាមានការយកចិត្តទុកដាក់ពីតារាសិល្បៈនិងស្ថាប័នពាក់ព័ន្ធ មានការទម្លាយថាជនដែលបានទម្លាយរូបអាក្រាតរបស់នាងគ្រោងនឹងសុំខ្លួនបញ្ចប់បណ្ដឹងអោយចប់នៅក្រៅប្រព័ន្ធតុលាការ។ ប៉ុន្តែឆ្លើយតបនឹងបញ្ហានេះ សាមីខ្លួនបានអះអាងថាមិនមានការជជែកណាមួយក្រៅពីត្រូវដោះស្រាយគ្នាដោយប្រព័ន្ធផ្លូវច្បាប់ជាដាច់ខាត។

វ៉ាន់ នីឡា បានប្រាប់នៅថ្ងៃឡើងយន្តហោះដើម្បីចេញទៅសម្ដែងលើកទី១នៅប្រទេសអូស្រ្តាលីកាលពីល្ងាចថ្ងៃទី៧ កក្កដា នៅព្រលានយន្តហោះថាមកទល់ពេលនេះ ចំណាត់ការផ្លូវច្បាប់លើពាក្យបណ្ដឹងទទួលបានផ្លែផ្លែកាន់តែប្រសើរដោយសារតែខាងមេធាវីនិងខាងមន្ត្រីទទួលពាក្យបណ្ដឹងនៅក្រសួងមហាផ្ទៃសុទ្ធតែបានរួមគ្នាដុតដៃដុតជើងដូចគ្នា។ នាងថាខ្លួនបានចូលខ្លួនបំភ្លឺពាក់ព័ន្ធក្រោយបានប្ដឹងផ្ដល់ចំនួន២លើកនាពេលកន្លងមក ក្នុងពេលដែលសាក្សីរបស់នាងក៏បានចូលខ្លួនបំភ្លឺការពារបណ្ដឹងរបស់នាងចំនួនច្រើនដងដូចគ្នា។ នាងថាមន្ត្រីសមត្ថភាពបានបង្ហាញលទ្ធផលធ្វើអោយនាងមើលឃើញពីសញ្ញាណយុត្តិធម៌ក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ ទើបនាងសម្រេចចិត្តចាកចេញទៅសម្ដែងនៅអូស្រ្តាលី បន្ទាប់ពីមេធាវីនិងបងប្រុសចេញមុខទទួលខុសត្រូវលើពាក្យបណ្ដឹង។

នាងបដិសេធបញ្ជាក់លម្អិតពីលទ្ធផលបណ្ដឹង ដោយអះអាងថាដើម្បីកុំអោយខុសនឹងនិតិវិធីច្បាប់។ នាងនិយាយថា៖ “ឥឡូវនេះបណ្ដឹងហ្នឹងទទួលលទ្ធផលច្រើនមែនទែន ហើយតាមមើលយុត្តិធម៌សម្រាប់ខ្ញុំគឺអត់យូរទេ ពិតជាឃើញ១០០ភាគរយ”។ កញ្ញាបន្តថាដំណើរចេញសម្ដែងរបស់នាងរយៈពេល៥សប្ដាហ៍នៅប្រទេសអូស្រ្តាលីមិនប៉ះពាល់ចំពោះនីតិវិធីបណ្ដឹងនោះទេ ដោយសារតែសិទ្ធិទាំងឡាយនាងបានប្រគល់អោយមេធាវី និងបងប្រុសជាអ្នកចាត់ការ។ នាងនឹងត្រឡប់មកវិញនៅពាក់កណ្ដាលខែសីហា ដោយនឹងដោះស្រាយលើពាក្យបណ្ដឹងអោយបានស្រេចបាច់តាមការចង់បាន។

ជាមួយដំណឹងថាមានក្រុមគ្រួសាររបស់ជនអនាមិកបានរត់ការចចារដើម្បីអោយនាងដកចោលពាក្យបណ្ដឹង វ៉ាន់ នីឡា បញ្ជាក់ថានាងមិនទទួលយករូបភាពសម្រុះសម្រួលឬបង់ថ្លៃជំងឺចិត្តណាមួយទាំងអស់ ក្រៅពីប្រកាន់ជំហរនាំជនល្មើសដែលធ្វើបាបនាងអោយចូលក្នុងក្រចកសេះរបស់តុលាការ។ នាងថាលុយមិនអាចលុបលាងកិត្តិយសរបស់នាងដែលបានបាត់បង់បានឡើយ ទើបនាងសម្រេចចិត្តមិនទទួលយកការចចារលើគ្រប់រូបភាព។ នាងអះអាងថាបើមានមន្ត្រីធំមួយចេញមុខអន្តរាគមន៍រឿងនេះ ដើម្បីអោយបណ្ដឹងរបស់នាងនៅទើកណ្ដាលទេ ក៏នាងនឹងមានវិធីដើម្បីបន្តនិតិវិធីនោះដែរ។ នាងនិយាយថា៖ “មកដល់ដំណាក់កាលនេះ រឿងចចារគឺអត់ដាច់ខាត ហើយកុំថាគាត់អោយលុយប៉ុន្មានក៏ខ្ញុំត្រូវតែប្ដឹងអោយដល់ទីបំផុតដែរ”។

នាងថាបើមានមន្ត្រីធំណាម្នាក់ចេញមុខការពារជនអនាមិក នោះនាងនឹងប្រកាសឈ្មោះរបស់មន្ត្រីនោះអោយមហាជនបានស្គាល់តែម្ដង ដើម្បីកុំអោយមន្ត្រីទាំងនោះអាងអំណាចហើយបិទបណ្ដឹងរបស់នាងអោយទើកណ្ដាលទី។ នាងនៅតែប្រកាន់ជំហរនាំខ្លួនជនដែលបង្ហោះរូបថតរបស់នាងចូលក្នុងរបងតុលាការ ដោយនាងបញ្ជាក់ថាអ្វីដែលនាងចង់បាននៅក្នុងពាក្យបណ្ដឹងនោះគឺមិនមែនចង់បានសំណងក្រៅផ្លូវការទេ ប៉ុន្តែអ្វីដែលនាងចង់បានគឺជនអនាមិកត្រូវតែប្រឈមមុខតាមច្បាប់។

លោក សុះ ម៉ាច ប្រធានសមាគមសិល្បករខ្មែរនិងជាសមាជិកជាន់ខ្ពស់របស់ក្រុម«គ្រួសារតារាកម្ពុជា» បានអះអាងថាយោងតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់នៅក្នុងក្រសួងវប្បធម៌គឺបណ្ដឹងរបស់នាងត្រូវបានក្រសួង២គឺក្រសួងវប្បធម៌និងក្រសួងមហាផ្ទៃជួយជំរុញយ៉ាងយកចិត្តទុកដាក់ដើម្បីបន្តនិតិវិធីនាំខ្លួនជនល្មើសមកផ្ដន្ទាទោស។ លោកនិយាយថា៖ “ខាងក្រសួង(វប្បធម៌)បានប្រាប់ខ្ញុំថាក្រសួងវប្បធម៌បានធ្វើលិខិតមួយជូនទៅក្រសួងមហាផ្ទៃរួចហើយ ក្រោយទទួលញត្តិថ្កោលទោសពីតារាសិល្បៈរបស់យើង ហើយគាត់ប្រាប់ទៀតថាក្រសួងមហាផ្ទៃបានកោះហៅជនល្មើសមកសួរម្ដងហើយ ប៉ុន្តែជននោះអត់ព្រមចូល ចឹងនៅថ្ងៃទី១១ កក្កដានេះ ក្រសួងមហាផ្ទៃ នឹងហៅគាត់មកម្ដងទៀត ក្រសួងគាត់ថារឿងនឹងអត់ដំអក់ទេ គឺត្រូវតែបានយុត្តិធម៌!”។

កញ្ញា វ៉ាន់ នីឡា បានអះអាងថាក្រោយពេលនាងត្រឡប់មកពីប្រទេសអូស្រ្តាលីវិញ នៅពាក់កណ្ដាលខែសីហា នោះបណ្ដឹងរបស់នាងនឹងកាន់តែឡើងកម្តៅ ដោយសារតែនាងប្រើអោយអស់សមត្ថភាពដើម្បីអំពាវនាវអោយមានការនាំខ្លួនជនល្មើសអោយមកទទួលខុសត្រូ។ នាងថាជនអនាមិកអត់មានផ្លូវគេចរួចពីនីតិវិធីច្បាប់បានទេ ក្នុងពេលដែលនាងនិងក្រុមគ្រួសារប្ដេជ្ញាមិនទទួលយកចំណងឬការចរចាណាមួយនៅក្រៅប្រព័ន្ធច្បាប់៕

1467945234_1

91 view

កំណត់ហេតុថ្មីៗ ព័ត៌មានជាតិ

ស្រក់ទឹកភ្នែក!!! ក្មេងស្រីម្នាក់លុតជង្គង់ សុំអង្វរឪពុកម្ដាយ ក្រោយពេលគោរបស់គាត់ ត្រូវឡានបុកបាក់ជើង និងគោមួយក្បាលទៀត​ ត្រូវម្ចាស់ឡានដែលបុក លើកដាក់តាមឡានយកទៅបាត់...(មានវីដេអូ)ព័ត៌មានថ្មីៗ
Saturday, ទី 23rd September ,ឆ្នាំ 2017

ស្រក់ទឹកភ្នែក!!! ក្មេងស្រីម្នាក់លុតជង្គង់ សុំអង្វរឪពុកម្ដាយ ក្រោយពេលគោរបស់គាត់ ត្រូវឡានបុកបាក់ជើង និងគោមួយក្បាលទៀត​ ត្រូវម្ចាស់ឡានដែលបុក លើកដាក់តាមឡានយកទៅបាត់…(មានវីដេអូ)

បញ្ចេញមតិ

error: Content is protected !!